កាលបរិច្ឆេទ: ០៩ មករា ២០២៥ / សុខភាព / Author : ATH Sokren
ក្រោមអធិបតីភាពរបស់ឯកឧត្តមវេជ្ជបណ្ឌិតពាស់ មូស្លីម អនុរដ្ឋលេខាធិការ តំណាងឱ្យឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល ពិធីប្រគល់ពានរង្វាន់គីណាល់២០២៤ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ធ្នូ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េនៅទីក្រុងភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង៤០០នាក់ ដែលជានិស្សិត និងថ្នាក់ដឹកនាំនៃគ្រឹះស្ថានអប់រំឧត្តមសិក្សាផ្នែកវិទ្យាសាស្រ្តសុខាភិបាល។
ប្រធានបទសម្រាប់ពានរង្វាន់គីណាល់លើកទី១២នេះគឺ « អត្ថប្រយោជន៍ នៃផ្លែញ ឬ ផ្លែ ញ ទុកឱ្យទ្បើងមេ ដើម្បីគ្រប់គ្រងការឈឺចាប់ ឬបញ្ហាសុខភាពផ្សេងទៀត »។
ជ័យលាភីលេខទមួយបានទៅលើក្រុមនិស្សិតមកពីពីសាកលវិទ្យាល័យពុទ្ធិសាស្រ្តសម្រាប់ការងារស្រាវជ្រាវលើប្រធានបទ៖ "ការវិភាគនៅលើសារធាតុដែលចម្រាញ់ចេញពីផ្លែញស្រុកក្នុងប្រទេសកម្ពុជា រួមមានសារធាតុសកម្មជីវសាស្រ្ត សកម្មភាពប្រឆាំងនិងអុកស៊ីតកម្ម ព្រមទាំងការវិភាគសារធាតុ Flavonoid ដោយម៉ាស៊ីន HPLC ។"។
ចំណែកឯជ័យលាភីលេខទពីរបានទៅលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសម្រាប់ការងារស្រាវជ្រាវ៖«ការសិក្សាបែប Ethnobotanical អំពីសក្ដានុពលនៃផ្លែញលើសុខភាពប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ប្រទេសកម្ពុជា»។
រីឯជ័យលាភីលេខបីបានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ សម្រាប់ការងារស្រាវជ្រាវ៖«ការរប្រើប្រាស់ផ្លែញ ឬ ផ្លែញប្រូបាយអូតិចធម្មជាតិក្នុងការគ្រប់គ្រងការឈឺចាប់ជំងឺនៃរលាកសន្លាក់ក្នុងចំណោមប្រជាជនដែលរស់នៅខេត្តកណ្ដាលក្នុងប្រទេសកម្ពុជា។"
នៅចំពោះមុខអ្នកសារព័ត៌មាន លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង គូសបញ្ជាក់ពីសារៈសំខាន់នៃប្រធានបទសម្រាប់ឆ្នាំនេះ ដោយរម្លឹកថា ញគឺជារុក្ខជាតិឱសថបុរាណតាំងពីយូរយារណាស់មកហើយនៅក្នុងសង្គមខ្មែរ ពោលគឺត្រូវបានគេប្រើធ្វើជាថ្នាំតាំងពីសម័យចក្រភពអង្គរមកម្ល៉េះ។ លោកក៏បានសម្តែងក្តីពេញចិត្តចំពោះការកើនឡើងនៃការចូលរួមប្រកួតតរបស់និស្សិតពីមួយឆ្នាំទៅមួយឆ្នាំ និងបានអះអាងជាថ្មីម្តងទៀតថា មូលនិធិគីណាល់នៅតែបន្តលើកកម្ពស់ការងារស្រាវជ្រាវទាក់ទងនឹងរុក្ខជាតិឱសថនៅកម្ពុជា។
ឯកឧត្តមវេជ្ជបណ្ឌិតពាស់ មូស្លីម តំណាងក្រសួងសុខាភិបាល បានកោតសរសើរចំពោះគុណភាពការងារស្រាវជ្រាវរបស់និស្សិត ដែលទទួលស្គាល់ដោយគណៈកម្មាធិការជាតិក្រមសីលធម៌សម្រាប់ការស្រាវជ្រាវដែលទាក់ទងនឹងមនុស្ស។ លោកបានលើកទឹកចិត្តឱ្យនិស្សិតធ្វើការស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅដើម្បីឈានទៅអភិវឌ្ឍវិស័យឱសថនៅកម្ពុជា។
សូមបញ្ជាក់ថា សម្រាប់ការចុះឈ្មោះចូលរួមប្រកួតពានរង្វាន់គីណាល់ឆ្នាំ២០២៤ មាន និស្សិតចុះឈ្មោះសរុបទាំងអស់១២៩នាក់ ស្មើនឹង ២៦ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៦គឺ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យអន្តរជាតិ សាកលវិទ្យាល័យន័រតុន វិទ្យាស្ថានវិទ្យាសាស្រ្តខេមរភូមិន្ទ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត។ ចុងក្រោយមាននិស្សិតចំនួនតែ ៩ក្រុមប៉ុណ្ណោះដែលត្រូវគណៈមេប្រយោគឯករាជ្យបានជ្រើសរើសឱ្យឆ្លងចូលទៅវគ្គផ្តាច់ព្រ័ត្រ។
ពានរង្វាន់គីណាល់ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយមូលនិធិគីណាល់ ក្នុងការដើរតួនាទីនៃនយោបាយទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល។ ពានរង្វាន់គីណាល់បង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តនិស្សិតខ្មែរផ្នែកវិទ្យាសាស្រ្តសុខាភិបាលឱ្យធ្វើការងារស្រាវជ្រាវដែលឆ្លើយតបនឹងស្តង់ដារវិទ្យាសាស្រ្តអន្តរជាតិ។ គោលបំណងសំខាន់គឺជួយនិស្សិតក្នុងការអភិវឌ្ឍន៍សក្កានុពលរបស់ពួកគេ ជួយពួកគេក្នុងការរកការងារដែលសមស្របនឹងសមត្ថភាពរបស់ពួកគេ និងចូលរួមអភិវឌ្ឍការងារស្រាវជ្រាវបែបវិទ្យាសាស្រ្តនៅកម្ពុជា៕